យ៉ាងណាមិញ នៅពេលថ្មីៗនេះដែរ មានយុវជនម្នាក់ បានចេញមុខរិះគន់យ៉ាងចាស់ដៃ ទៅលើបុគ្គលមួយចំនួន ដែលសុខចិត្តទាញទូរស័ព្ទ ថតវីដេអូដោយមិនចូលជួយ ខណៈដែលខ្លួននៅក្នុងហេតុការណ៍នោះ។
តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ Piseth Mini បានចេញមុខតាមរយៈវីដេអូឃ្លីបមួយជាសាធារណៈ រិះគន់យ៉ាងខ្លាំងៗ ទៅលើបុគ្គលមួយចំនួន ដែលបានស្ថិតនៅក្នុងហេតុការណ៍ “ករណីសម្លាប់សិស្សវិទ្យាល័យពងទឹក” ខណៈដែលឃើញរូបនាងកំពុងតែប្រកាច់ ប្រមាច់ប្រមួល បែរជាមិនចូលជួយ តែបែរជានាំគ្នា មកឈរថតធ្វើព្រងើយទៅវិញ។
តាមរយៈវីដេអូឃ្លីប ដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក សម្តីរបស់យុវជនខាងលើបានលើកឡើងថា «ប្អូនស្រីពិតជាត្រូវការឲ្យគេជួយ តែបែរជាអ្នកទាំងអស់នោះ មិនជួយ បែរជាកាន់កាមេរ៉ាថតប្អូនទៅវិញ ទាំងប្អូនកំពុងតែឈឺចាប់ខ្លាំងមែនទែន»។ យុវជនរូបនេះបានចោទជាសំណួរ សួរទៅកាន់អ្នកឈរថត ទាំងអស់នោះដែរថា «តើអ្នកឯងជាមនុស្ស ឬមួយក៏ជាសត្វ? អ្នកឯងសុខចិត្តឲ្យមនុស្សស្លាប់នៅចំពោះមុខអ្នកឯង ហើយអ្នកឯងកាន់កាមេរ៉ាថតចឹងមែន? មិនដឹងថាអ្នកឯងហ្នឹងជាសន្តានអ្វីសោះ! ចុះបើអ្នកឯង គឺអ្នកដែលកាន់កាម៉េរាថតហ្នឹង ត្រូវឡានបុកប្រកាច់ចឹងវិញ ហើយគេកាន់កាមេរ៉ាថតវិញ តើអ្នកឯងមានអារម្មណ៍ ឬយល់យ៉ាងណាដែរ?»។
យុវជនខាងលើបន្ថែមទៀតដែរថា «ខ្ញុំមិនដឹងថា និយាយយ៉ាងម៉េចឲ្យសមជាមួយនឹង ខួរក្បាលអ្នកដែលកាន់កាមេរ៉ាថត ទាំងអស់នោះសោះ ថ្វីត្បិតតែខ្ញុំមិនមែនត្រូវជាបងប្អូន ឬសាច់ញាតិរបស់ប្អូនស្រីរងគ្រោះក៏ដោយ តែខ្ញុំពិតជាខឹងខ្លាំងណាស់ពេលដែលឃើញដូចនេះ» ៕
តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
តោះចង់ដឹងកាន់តែច្បាស់ ថាតើសម្តីរបស់គាត់លើកឡើងយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ឃាតកម្មសម្លាប់សិស្សស្រីវិទ្យាល័យពងទឹក ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតតាមចាប់ជនដៃដល់ និងបក្ខពួកមាន ស្រី មានប្រុស ជិត១០ហើយ នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំកម្លាំងផ្ទាល់ចុះបង្ក្រាបករណីឃាតកម្មនេះ បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា «ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក កម្លាំងយើងបានឃាត់ខ្លួន ជនដៃដល់៣ទៅ៤នាក់ និងមានបក្ខពួក ស្រី មួយចំនួនទៀត ហើយការឃាត់ខ្លួន ពួកគេធ្វើឡើងនៅខណ្ឌដង្កោ និងនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ»។
លោកអធិការ បានបន្តទៀតថា ក្រោយការចាប់ខ្លួនយើង ក៏បានដកហូតម៉ូតូរបស់នារីរងគ្រោះផងដែរ ហើយនៅពេលនេះ កំពុងយកទៅសួរនាំ ថាតើនរណាជាប់ពាក់ព័ន្ធខ្លះ នៃអំពើឃាតកម្មនេះ។
លោក យឹម សារ៉ាន់ បានប្រាប់ក្រុមអ្នកកាសែត នៅកន្លែងចាប់ខ្លួនជាជំហានដំបូងថា មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះ គឺផ្តើមចេញពីបងប្អូនជីដូនមួយរបស់នារីរងគ្រោះ បានលួងលោមនាំទៅឲ្យបក្ខពួកសម្លាប់ចោលតែម្តង ដែលជនមេគំនិតត្រូវចាប់ខ្លួននៅសង្កាត់ព្រៃវែង ដោយសហការជាកម្លាំងនគរបាលខណ្ឌដង្កោ រួចហើយឈានមកចាប់ខ្លួនបក្ខពួកបន្តទៀត សរុប៧នាក់។
បើតាមមន្រ្តីនគរបាលមូលហេតុ ដែលនាំឲ្យជនដៃដល់សម្លាប់នារីរងគ្រោះ ពីព្រោះតែខឹងសុំខ្ចីលុយ ចំនួន២លើកតែនាងមិនព្រមឲ្យ។
សូមបញ្ជាក់ថា ក្មេងស្រីសិស្សសាលាម្នាក់ ក្រោយពីគេប្រទះឃើញដេកស្លាប់ ដោយស្នាមឈាមយ៉ាងជោគជាំ ស្ថិតនៅដីឡូសំណង់បាក់បែកមួយកន្លែងស្ថិតនៅព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ក្មេងស្រីរងគ្រោះមានឈ្មោះ វឺន រដ្ឋា អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យពងទឹកថ្នាក់ទី១២ដេ៕